Revelation of John 20

1បន្ទាប់មកខ្ញុំ​បាន​ឃើញទេវតា​មួយ​រូប​ចុះ​ពី​លើ​មេឃមក​ទាំង​កាន់កូនសោទីជម្រៅនិងច្រវាក់​យ៉ាង​ធំនៅក្នុងដៃ 2ទេវតានោះ​ក៏ចាប់នាគនោះ​គឺ​ជា​ពស់ពីបុរាណដែលជាមេអារក្ស​ផង​និង​ជា​សាតាំង​ផង​ហើយចងវា​ទុក​រយៈពេល​មួយពាន់ឆ្នាំ 3រួចបោះវាទៅក្នុងទីជម្រៅចាក់សោរហើយបោះត្រាពីលើវាដើម្បីកុំឲ្យ​វា​បោកបញ្ឆោតជនជាតិទាំងឡាយទៀតរហូតទាល់តែគ្រប់មួយពាន់ឆ្នាំ​ប៉ុន្ដែ​ក្រោយពី​ហេតុការណ៍​ទាំងនោះវា​នឹង​ត្រូវ​ដោះលែង​មួយ​រយៈពេលខ្លី 4ខ្ញុំបាន​ឃើញបល្ល័ង្ក​ជាច្រើន​ហើយ​អ្នក​ដែល​អង្គុយលើបល្ល័ង្កទាំងនោះ​បាន​ទទួលអំណាចជំនុំជម្រះ។ ​ខ្ញុំ​ក៏​បាន​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់ដោយព្រោះ​សេចក្ដី​បន្ទាល់​របស់​ព្រះ​យេស៊ូនិងដោយព្រោះ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​គឺជា​អស់​អ្នក​ដែល​មិន​បាន​ថ្វាយបង្គំសត្វសាហាវនោះរូបចម្លាក់​របស់​វា​ក៏​មិន​បាន​ទទួលសញ្ញាសំគាល់នៅលើថ្ងាសនៅលើដៃ​របស់​ពួកគេ​ដែរ​អ្នក​ទាំងនោះ​រស់​ឡើង​វិញហើយសោយរាជ្យជាមួយ​ព្រះ​គ្រិស្ដ​រយៈពេល​មួយពាន់ឆ្នាំ 5រីឯមនុស្ស​ស្លាប់ឯទៀតៗមិន​បាន​រស់​ឡើង​វិញទេរហូតទាល់តែគ្រប់មួយពាន់ឆ្នាំ​នោះ​សិន។ ​នេះ​ជា​ការ​រស់​ឡើង​វិញលើកទីមួយ 6មានពរ​ហើយបរិសុទ្ធ​ហើយ​អស់​អ្នក​ដែលមានចំណែកក្នុង​ការ​រស់​ឡើង​វិញលើកទីមួយ​នេះ​សេចក្ដីស្លាប់ទីពីរគ្មានអំណាចលើ​អ្នក​ទាំងនោះឡើយ​ពួកគេ​នឹង​ធ្វើជាសង្ឃ​របស់​ព្រះជាម្ចាស់និង​របស់​ព្រះ​គ្រិស្ដហើយសោយរាជ្យជាមួយព្រះអង្គ​រយៈពេល​មួយពាន់ឆ្នាំ 7លុះគ្រប់មួយពាន់ឆ្នាំ​ហើយ​អារក្ស​សាតាំង​នឹង​ត្រូវ​បានដោះលែងពីកន្លែងឃុំឃាំង 8ហើយវា​នឹង​ចេញទៅបោកបញ្ឆោតជនជាតិទាំងឡាយដែលនៅជ្រុង​ទាំង​បួននៃផែនដី​គឺ​ពួក​កុកនិង​ពួក​ម៉ាកុកដើម្បី​ប្រមូល​ពួកគេមកច្បាំង។ ​ពួកគេ​មាន​ចំនួនដូចជាខ្សាច់សមុទ្រ 9ពួកគេក៏​ទ្បើងទៅពាសពេញលើផែនដីហើយទ្បោមព័ទ្ធជំរុំរបស់ពួកបរិសុទ្ធនិងទីក្រុង​ដ៏​ជា​ទី​ស្រឡាញ់ប៉ុន្ដែ​មាន​ភ្លើងធ្លាក់ពី​លើ​មេឃមកហើយឆេះបំផ្លាញពួកគេ​អស់​ទៅ 10រីឯអារក្សសាតាំងដែលបោកបញ្ឆោតពួកគេ​ត្រូវ​បាន​បោះទៅក្នុងបឹងភ្លើងនិងស្ពាន់ធ័រ​ជា​កន្លែងដែលសត្វសាហាវនោះនិងអ្នកនាំព្រះបន្ទូលក្លែងក្លាយ​ក៏​នៅ​ទីនោះ​ដែរ​ហើយ​ពួកវា​នឹង​ត្រូវ​ទទួលទារុណកម្ម​ទាំង​យប់ទាំងថ្ងៃអស់កល្បជានិច្ច 11បន្ទាប់មកខ្ញុំ​បានឃើញបល័្លង្កមួយ​យ៉ាង​ធំនិង​ព្រះអង្គ​ដែលគង់លើបល្ល័ង្កនោះ​ដែរ​រីឯ​ផែនដីនិង​ផ្ទៃ​មេឃ​ក៏​រត់គេចពី​ព្រះ​ភក្រ្ដ​របស់​ព្រះអង្គ​ទៅហើយឥតឃើញមានកន្លែងណា​ទៀត​សម្រាប់​ពួកវាឡើយ 12ខ្ញុំបាន​ឃើញ​មនុស្ស​ស្លាប់​ទាំង​តូច​ទាំង​ធំឈរនៅ​ពី​មុខបល្ល័ង្កហើយសៀវភៅ​ជាច្រើន​ក៏​ត្រូវ​បាន​បើកឡើងរួចសៀវភៅ​មួយ​ទៀតដែលជាបញ្ជីជីវិត​​ក៏​ត្រូវ​បាន​បើកឡើង​ដែរ។ ​ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំជម្រះពី​ការ​ទាំងឡាយ​ដែល​បាន​កត់ទុកក្នុងសៀវភៅទាំងនោះទៅតាមការប្រព្រឹត្ដិ​របស់​ពួកគេ 13សមុទ្រក៏​បាន​ប្រគល់​មនុស្ស​ស្លាប់នៅក្នុងវារីឯសេចក្ដីស្លាប់និងស្ថាននរក​ក៏​បាន​ប្រគល់​មនុស្ស​ស្លាប់នៅក្នុងវាមក​វិញ​ដែរ​ហើយ​ពួកគេ​ម្នាក់ៗ​ត្រូវ​បាន​ជំនុំជម្រះទៅតាមការប្រព្រឹត្ដិ​​របស់​ពួកគេ 14បន្ទាប់មកសេចក្ដីស្លាប់និងស្ថាននរក​ត្រូវ​បាន​បោះទៅក្នុងបឹងភ្លើង។ ​បឹងភ្លើងនេះ​ហើយ​ជា​សេចក្ដី​ស្លាប់ទីពីរ 15ហើយបើអ្នកណា​ដែល​មិនឃើញ​មាន​ឈ្មោះ​កត់ទុកនៅក្នុងបញ្ជីជីវិត​អ្នក​នោះ​ត្រូវ​បោះទៅក្នុងបឹងភ្លើង​នោះ។
Copyright information for KhmKCB